នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និងសំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា លើកទី៣៦” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។

បើតាមសភាពាណិជ្ជកម្មកម្ពុជា នាឱកាសនោះ លោកឧកញ៉ា អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និងបានបញ្ជាក់បន្ថែម អំពីប្រវត្តិ ក៏ដូចជាតួនាទី និងសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។
សូមជម្រាបថា ជាចុងបញ្ចប់នៃកម្មវិធី លោកឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការ ជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕







