ក្រុមហ៊ុនរបស់ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសុខា អូតែល បានបង្ហើបឱ្យដឹងថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើភ្នំបូកគោ បានឈានដល់បល្ល័ង្កផ្កាឈូក ដែលជាទីព្រះអង្គទ្រង់គង់ភ្នែនហើយ។

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រលើខ្នងភ្នំបូកគោ ខេត្តកំពត បច្ចុប្បន្នកំពុងមានវឌ្ឍនភាពនៃការសាងសង់គួរឱ្យកត់សម្គាល់ ខណៈដែលសប្បុរសជនតែងតែចូលរួមបរិច្ចាគជាបច្ច័យជាហូរហែបន្តបន្ទាប់ ដើម្បីឆាប់បញ្ចប់ការសាងសង់ជាស្ថាពរ នាពេលអនាគតដ៏ខ្លី។ ជាក់ស្តែង កន្លងមកអ្នកឧកញ៉ា សុខ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីជាច្រើនលើកផងដែរ ដើម្បីកៀរគរប្រមូលបច្ច័យនិងទទួលបច្ច័យពីពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ក្នុងការរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ខ្ពស់បំផុតនៅកម្ពុជា។
ក្រុមហ៊ុន សុខា អចលនទ្រព្យ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បែបនេះថា៖ “បច្ចុប្បន្ននេះ ដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្របានឈានដល់ បល្ល័ង្កផ្កាឈូក ដែលជាទីព្រះអង្គទ្រង់គង់ភ្នែន។ បល្ល័ង្កផ្កាឈូកដ៏វិចិត្រនេះ មានកម្ពស់១៣,៥ម៉ែត្រ ត្រូវបានរចនាឡើងយកលំនាំតាមផ្នែកមួយរបស់សសរពេជ្រប្រាសាទដំរីក្រាប នៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រន្មទី២ សតវត្សរ៍ទី៩”។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងដឹកនាំលើដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ៕





