ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី បានរៀបចំពិធីសិរីមង្គលភ្ជាប់ពាក្យកូនស្រី ក្នុងភូមិគ្រឹះរចនាបថខ្មែរបុរាណដ៏ប្រណិត កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។

ពិធីភ្ជាប់ពាក្យនេះ កូនប្រុសនាម ឃួន ផុនរតនៈ និងកូនស្រីនាម ម៉ៅ នរនាថ ជាកូនស្រីរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី។ កញ្ញា ម៉ៅ នរនាថ ជាកូនស្រីច្បងរបស់ ឯកឧត្តម ម៉ៅ ធនិន ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ REGENT’S LONDON នៅប្រទេសអង់គ្លេស កាលឆ្នាំ២០២៤។
សិរីសួស្តីពិធីភ្ជាប់ពាក្យ ធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំត្រកូលរាមច្បងទាំងសងខាងយ៉ាងឱឡារិកតាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទងរំលេចដោយពណ៌ក្រហមស្រស់។ ពិសេសនោះ ពិធីភ្ជាប់កូនប្រុសស្រីលោកមេបាទាំងសងខាង ក៏បានរៀបចំក្នុងភូមិគ្រឹះបែបខ្មែរបុរាណលើទំហំផ្ទៃដីជាច្រើនហិកតា ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាល។
ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរពិធីភ្ជាប់ពាក្យកូនប្រុសស្រីរបស់ឯកឧត្តម ម៉ៅ ធនិន ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីអ្នកមុខអ្នកការជាច្រើនរូប ព្រមទាំងមានវត្តមាន លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ផងដែរ។
សូមជម្រាបថា កូនកំលោះ ឃួន ផុនរតនៈ ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទើបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥៕














រូបភាព៖ The Ring