លោកអនុនាវីត្រី កែវ ចាន់ប៊ីលី ត្រូវជាក្មួយប្រុសរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប បានបញ្ចប់ការសិក្សា និងទទួលសញ្ញាប័ត្រ វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹក (New entry officer course) នៅរាជបណ្ឌិត្យសភាកងទ័ពជើងទឹក នៃប្រទេសអូស្ត្រាលី HMAS Creswell។

លោកជំទាវ ឧត្តមនាវីត្រី ទៀ លក្ខិណា មេបញ្ជារការរងកងទ័ពជើងទឹក និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងទឹក ជាម្តាយរបស់លោកអនុនាវីត្រី កែវ ចាន់ប៊ីលី ហើយត្រូវជាបងស្រីរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បែបនេះថា៖ “ថ្ងៃនេះបានមកជួបកូនប្រុសម្ដាយហើយ មានសេចក្ដីសុខបំផុត ពេលបានមកដល់។ ជូនពរកូនប្រុសបានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា វគ្គ នាយទាហានកងទ័ពជើងទឹកអូស្រ្តាលី នៅមហាវិឡាល័យកងទ័ពជើងទឹកអូស្រ្តាលី HMAS Creswell”។
បើតាមកងទ័ពជើងទឹក បានឱ្យដឹងថា លោកអនុនាវីត្រី កែវ ចាន់ប៊ីលី ជាសិក្ខាកាមទី២ តំណាងឱ្យកងទ័ពជើងទឹកកម្ពុជា បន្ទាប់ពី អនុនាវីទោ ទៀ សុធីរដ្ឋា (កូនប្រុសឧត្តមនាវីឯក ទៀ សុខា) ដែលបានទទួលសញ្ញាប័ត្រ បញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី(New entry officer course) នៅHMAS Creswell, Jervis Bay NSW ប្រទេសអូស្ត្រាលី និងបន្តចូលសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ និងការអនុវត្តផ្ទាល់លើនាវា (Maritime warfare officer course) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នៅ HMAS Waston, Waston Bay, NSW ប្រទេសអូស្ត្រាលី។
សូមជម្រាបថា លោកជំទាវឧត្តមនាវីត្រី ទៀ លក្ខិណា ជាប្អូនស្រីរបស់ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ, ជាបងស្រី អ្នកឧកញ៉ា ទៀ វិចិត្រ ដែលត្រូវជាកូនរបស់ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ៕









