ក្រុមហ៊ុន សែលកាត (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង នាយប់ថ្ងៃទី១២ ខែមិថុនា បានប្រកាសគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឯករាជ្យភាពឌីជីថលពេញលេញ តាមរយៈការបង្វែរទិសដៅ International IP Transit របស់កម្ពុជា។ នេះជាជំហានដ៏ធំមួយឆ្ពោះទៅរកអនាគតឌីជីថលដែលកាន់តែរឹងមាំ និងឯករាជ្យភាពលើខ្លួនឯង។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រ សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។ ក្នុងនាមក្រុមហ៊ុនខ្មែរ សែលកាតប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានអធិបតេយ្យភាព សុវត្ថិភាព និងលំដាប់ពិភពលោក សម្រាប់ប្រទេសជាតិរបស់យើង ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ និងធានាបាននូវភាពធន់របស់ជាតិកាន់តែខ្ពស់”។
សូមជម្រាបថា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃ អាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន៕
