បទពិសោធន៍២០ឆ្នាំ! ឧកញ៉ាបណ្ឌិត គីម ហ៊ាង ចែករំលែកគន្លឹះជីវិតអាពាហ៍ពិពាហ៍ចំនួន ៥ចំណុច

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរីលំដាប់អភិជន វិមានសំណាង បានចែករំលែកបទពិសោធន៍នៃជីវិតអាពាហ៍ពិពាហ៍ រយៈពេល ២០ឆ្នាំ របស់លោកចំនួន ៥ចំណុច ដើម្បីជីវិតគូមានការរស់នៅចុះសម្រុងគ្នា រកស៊ីមានបាន និងមានសុភមង្គល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារចែករំលែកលើទំព័រហ្វេសប៊ុក លោកឧកញ៉ាបណ្ឌិតអ្នកជំនាញអចលនទ្រព្យ បានចែករំលែកគន្លឹះល្អៗចំនួន ៥ចំណុចដូចខាងក្រោម៖

១.ហាមឈ្លោះប្រកែកគ្នា យកចាញ់ឈ្នះ ឬខុសត្រូវ បើប្តីឬប្រពន្ធចង់ឈ្នះ ឱ្យគាត់ឈ្នះសិន ចាំដល់យប់ អាចនិយាយគ្នាដោយសម្រួល។
២.ត្រូវស្រលាញ់ខ្លួនឯងឱ្យច្រើនជាងគេ ស្រលាញ់ប្តីឬប្រពន្ធលំដាប់ទី២ ស្រលាញ់កូនឱ្យស្មើគ្នាលំដាប់ទី៣ ស្រលាញ់ឪពុកម្តាយបង្កើតនិងឪពុកម្តាយក្មេកឱ្យប្រហាក់ប្រហែលគ្នាលំដាប់ទី៤ បងប្អូនបង្កើតនិងបងប្អូនថ្លៃទី៥ សាច់ញាតិទី៦ មិត្តភក្តិទី៧ និងអ្នកស្គាល់គ្នាទី៨។
៣.លុយប្តី ជាលុយរបស់ប្រពន្ធ ចំណែកលុយរបស់ប្រពន្ធ ជាលុយរបស់គ្រួសារ ហើយប្រពន្ធត្រូវតែជាអ្នកកាន់លុយ។
៤.ប្តីជាមេអាជីវកម្ម និងកិច្ចការខាងក្រៅ ចំណែកប្រពន្ធជាមេផ្ទះ មេគ្រួសារ កិច្ចការខាងក្នុង និងកិច្ចការក្រោយខ្នងប្តី។
៥.លើលោកនេះ គ្មានបុរស ឬនារីណា ល្អជាងប្តី ឬប្រពន្ធយើងទេ។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC។ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ រយៈពេល ២០ឆ្នាំ លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា គង់ សំណាង មានបុត្រាបុត្រីសរុបចំនួន ៤នាក់៕