នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឧកញ៉ាៗគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបសម្តែងការគួរសមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា និងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាគោលនយោបាយ និង សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៦ រូប។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារនេះ គឺបានពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្រលើការពង្រឹងគុណភាពពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករ ការបង្កើតវេទិការជួញដូរស្រូវអង្ករ យន្តការនៃការដោះដូរមុខទំនិញផលិផល និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា មានអាយុកាល១ទស្សវត្សរ៍ហើយ ខណៈកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាខួប ១០ឆ្នាំនៃការបង្កើតស្ថាប័ននេះ។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានដើរតួរយ៉ាងសំខាន់ និងភាពជាតំណាងឱ្យវិស័យ សម្រាប់ការចរចា និងការពារផលប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង អាណាព្យាបាលផ្នែកបច្ចេកទេស ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ បច្ចេកវិទ្យា និងការធ្វើការជាមួយដៃគូអន្តរជាតិលើការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ របស់ វិស័យនេះឱ្យកាន់តែមានឧត្ដមភាពបន្ថែមទៀតផងដែរ ដែលជាហេតុធ្វើឱ្យផលិតកម្មស្រូវនៅកម្ពុជាបានកើនឡើងដល់ជិត ១៤លានតោន នៅឆ្នាំ២០២៤ និងការនាំចេញអង្ករកម្ពុជាប្រមាណជាជាង ៦០ម៉ឺនតោនប្រចាំឆ្នាំ៕






