លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងបុត្រធីតា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ មានសទ្ធាជ្រះថ្លាប្រគេនផ្លែល្ពៅចំនួន ២០០ផ្លែ សម្រាប់ព្រះសង្ឃវត្តនិគ្រោធវ័ន «គល់ទទឹង»។

ជីប ម៉ុង ជាក្រុមហ៊ុនដឹកនាំដោយសហគ្រិនខ្មែរ ដែលតែងរួមចំណែកក្នុងការបណ្តុះស្មារតីគាំទ្រផលិតផលខ្មែរ តួយ៉ាងដូចជាដំណាំបន្លែបង្ការធម្មជាតិពិតៗ ពីប្រជាកសិករក្នុងស្រុកជាដើម ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញទិន្នផលដំណាំផ្លែល្ពៅជាច្រើនតោន ពីចំការនៅក្នុងខេត្តព្រះវិហារផ្ទាល់ ដើម្បីចែកជូនដល់គ្រប់បុគ្គលិក ជីប ម៉ុង ដោយឥតគិតថ្លៃ។
ស្របពេលដែលការគាំទ្រផលិតផលខ្មែរកំពុងផុសផុលឡើង ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការពង្រីកទីផ្សារ កសិផលក្នុងស្រុក ដែលជាភោជផលធម្មជាតិ ដាំដុះដោយកសិករខ្មែរសុទ្ធសាធ ដើម្បីជាចំណែកក្នុងការជំរុញ និងលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាបង្វិលចរន្តពាណិជ្ជកម្ម ឱ្យបានជាផលប្រយោជន៍ដល់គ្រប់ពលរដ្ឋក្នុងសង្គមផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង ក៏បានជួយសម្រួលដល់ដំណាំមួយចំនួន ដែលកំពុងប្រមូលផលហូរហៀរពេញចំការ។ ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ដោយតែងបញ្ជារទិញគ្រប់ផលិតផលខ្មែរ ជាពិសេស គឺផលដំណាំធម្មជាតិពីចំការកសិករផ្ទាល់ ដើម្បីពង្រីកទីផ្សារកសិកម្មក្នុងស្រុក កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតបាន ក៏ដូចជាបន្តជំរុញការគាំទ្រផលិតផលខ្មែរនៅក្នុងស្រុក។
សូមជម្រាបថា ស្របពេលកំពុងមានបញ្ហាការបិទការនាំចូលបន្លែផ្លែឈើនៅតាមព្រំដែនពីប្រទេសថៃ ក្រុមហ៊ុន ជីប ម៉ុង ក៏បានរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ដោយប្រមូលទិញដំណាំល្ពៅខ្មែររាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីយកមកលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងចែកជូនអតិថិជនដោយឥតគិតថ្លៃផងដែរ៕





