ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា ឈួន ហាវ៉ុន ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ រួមជាមួយឯកឧត្តម លោកជំទាវ ចំនួន ៤រូបទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណីត Hawon Auto Car និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា កាលខែមីនា ឆ្នាំ២០២៥ ក៏ទើបទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា ឈួន ហាវ៉ុន ជាអ្នកជំនួញដ៏លេចធ្លោមួយរូប ក្នុងវិស័យទិញលក់រថយន្តទំនើបៗនៅកម្ពុជា។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤៕


