ក្រុមហ៊ុនកម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា បច្ចុប្បន្នក្រុមហ៊ុនមានប្រព័ន្ធចែកចាយរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នដែលមានគុណភាពខ្ពស់តាមតម្រូវការប្រើប្រាស់របស់ប្រជាជនខ្មែរទូទាំងប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុនកម្ពុជាតេលាមានកំពង់ផែទឹកជ្រៅ មានសមត្ថភាពឱ្យកប៉ាល់ធំៗចូលបាន ដែលអាចនាំចូលប្រេងពីប្រភពផ្សេងៗជុំវិញពិភពលោក។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន ក៏បានប្រកាសថាខ្លួននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ។
ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ច្រើនជាង ២០០០ សាខាទូទាំងប្រទេស។
ក្រុមហ៊ុនកម្ពុជាតេលា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ជា ក្រុមហ៊ុនកណ្តាលនាំចេញនាំចូល។ ចាប់តាំងពីដំបូង ក្រុមហ៊ុនកម្ពុជាតេលា ត្រូវបានគេស្គាល់ថា «Kadimex» ។ក្នុងរយៈពេលពីរឆ្នាំដំបូង ក្រុមហ៊ុនបានខិតខំបំពេញការងារយ៉ាងស្វិតស្វាញ និងទទួលបានការគាំទ្រ ក៏ដូចជាសេចក្តីទុកចិត្តនានាពីអតិថិជន។ បន្ទាប់មក នៅក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា «ក្រុមហ៊ុនកម្ពុជាតេលា» ។
នៅឆ្នាំ ២០០៤ ក្រុមហ៊ុនបានសាងសង់ស្ថានីយស្ដុកប្រេងទី២ របស់ខ្លួន មានទីតាំងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ ដែលជាកំពង់ផែ និងទីក្រុងកំពង់ផែ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលអាចឱ្យកម្ពុជា តេលា ផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ទាំងឧស្សាហកម្ម និងអ្នកប្រើប្រាស់ចុងក្រោយ តាមរយៈបណ្តាញចែកចាយយ៉ាងទូលំទូលាយនៅក្នុងប្រទេស។

ក្រុមហ៊ុនប្រេងឥន្ទនៈមួយនេះ មានម្ចាស់ជាជនជាតិខ្មែរ ដែលជាសហគ្រិនជើងចាស់ជោគជ័យក្នុងពិភពជំនួញមួយរូបនៅកម្ពុជាគឺអ្នកឧកញ៉ា ឈុន អូន។ អ្នកឧកញ៉ា ឈុន អូន គឺឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេសក្នុងការគ្រប់គ្រង។ អ្នកឧកញ៉ា បានបោះទុនវិនិយោគក្នុងវិស័យប្រេងឥន្ទនៈនេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ៕