អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ជួយកសាងទីស្នាក់ការសមាគមអតីតយុទ្ធជន នៅខេត្តចំនួន៤ 

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា បានបរិច្ចាគថវិកាក្នុងការកសាងទីស្នាក់ការសមាគមអតីតយុទ្ធជន នៅខេត្តចំនួន៤ រួមមាន បន្ទាយមានជ័យ បាត់ដំបង រតនគិរី និងស្ទឹងត្រែង ចំណាយថវិកាសរុបចំនួន ៥០ម៉ឺនដុល្លា ដើម្បីគាំទ្រសកម្មភាពអតីតយុទ្ធជន។ នេះបើតាមប័ណ្ណថ្លែងអំណរគុណ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញជូនអ្នកឧកញ៉ា ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមរបស់អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ធ្វើឡើងតបតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពដល់អតីតយុទ្ធជន ដែលបានពលី និងលះបង់ពេញមួយជីវិតរហូតខ្លះមានពិការភាព។

អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា យល់ឃើញថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការតស៊ូ និងរួមចំណែករបស់អតីតយុទ្ធជននោះទេ។ ក្នុងនាមសប្បុរសជន ដែលគាំទ្រដល់អតីតយុទ្ធជន អ្នកឧកញ៉ា ម៉ម វណ្ណឌី កាលពីកន្លងទៅ ក៏បានបរិច្ចាគថវិកាសាងសង់ផ្ទះជូនអតីតយុទ្ធជននៅតាមបណ្តាខេត្តសរុបចំនួន ១៣០ខ្នងផងដែរ។

គួររំឮកផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធាន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅរំឮកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈការលើកទឹកចិត្ដ ខាងផ្នែកស្មារតី ការផ្តល់កិត្តិយស និងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម៕