អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាពីសកម្មភាពធុរកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែនកម្ពុជា-ថៃ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សាសកម្មភាពធុរកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែនកម្ពុជា-ថៃ នៅអាគារវីងថោវីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា សួរ វីរៈ, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា ទី ពិសិដ្ឋ, អ្នកឧកញ៉ា លី សេងឃាង, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា ចាន់ សុឃាំង, ឧកញ៉ា សុខ ពិសិដ្ឋ, ឧកញ៉ា លឹម សុជាតិ, ឧកញ៉ា​ នួន ពេជ្រសុផល ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗ ឯកឧត្តម លោកជំទាវ អស់លោកដែលជាសហប្រធានក្រុមការងារទាំង១៦ ផ្នែកឯកជន ដែលតំណាងឱ្យ ១៦ វិស័យផ្សេងៗគ្នា។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង៖ ១. ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពលើសកម្មភាពធុរកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែនកម្ពុជា-ថៃ និង ២. ដើម្បីធ្វើការរាយការណ៍អំពីការចូលរួមរបស់ក្រុមការងារផ្នែកឯកជន ទៅលើវិស័យទាំង ១៦ នៃក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល បន្ទាប់ពីមានភាពតានតឹងនៅច្រកព្រំដែនកម្ពុជា-ថៃ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា ជាស្ថាបនិក និងប្រធានក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប ក៏បានឱ្យដឹងបន្ថែមផងដែរថា អ្នកឧកញ៉ាចូលរួមក្នុងនាមជាស្ថាបនិកសភាពាណិជ្ជកម្ម និងជាចាស់ព្រឹទ្ធាចារ្យម្នាក់ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិគ្រោះពិភាក្សាយោបល់បន្ទាន់ និងលើកយកមតិយោបល់ល្អៗដាក់ទៅប្រមុខរាជរដ្ឋាភិបាល ស្តីពីវឌ្ឍនភាព លើសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងតែមានវិបត្តិនាពេលបច្ចុប្បន្ន ដើម្បីរកគ្រប់វិធីជួយសម្រួលដល់ការលំបាក របស់កសិករ ពាណិជ្ជករ អាជីវករ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗ៕