អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី នាថ្ងៃទី២៦ ខែមិថុនា បានឆ្លើយតបតាមការអំពាវនាវរបស់ នាយ ពាក់មី ដែលបានស្នើរសុំតាមរយះវីដេអូទៅកាន់អ្នកឧកញ៉ាលាង ពៅ អគ្គនាយកក្រុមហ៊ុនសុីម៉ងត៍អូដ្ឋដោយស្នើសុំឧបត្ថមស៊ីម៉ងត៍អូដ្ឋ ចំនួន ២០តោន ក្នុងការសាងសង់ផ្លូវទៅប្រាសាទតាមាន់និងលាណដ្ឋានជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ស្រាប់តែអ្នកឧកញ៉ាលាងពៅបានឆ្លើយតបទៅកាន់លោកពាក់មីភ្លាមៗដោយយល់ព្រមឧបត្ថម្ភស៊ីម៉ងត៍អូដ្ឋរហូតដល់ ៣០តោន និងបន្ថែមជូនទឹកសុទ្ធកម្ពុជា ៥០០កេសដល់កងកម្លាំងជួរមុខដែលបានឈរជើងនៅតាមព្រំដែនការពារបូរណភាពទឹកដីប្រទេសកម្ពុជា ហើយអ្នកឧកញ៉ានឹងអញ្ជើញទៅប្រគល់ផ្ទាល់ នៅដើមខែកក្កដា ខាងមុខនេះ។

នាយ ពាក់មី បានបញ្ជាក់ឱ្យដឹងថា លោកពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលអ្នកឧកញ៉ា លាង ពៅ ម្ចាស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន បានឧបត្ថម្ភស៊ីម៉ងត៍ដល់ទៅ ៣០តោន និងទឹកពិសាកម្ពុជាចំនួន ៥០០កេសទៀត។ លោកបន្តថា ក្រុមការងារនឹងធ្វើដំណើរទៅប្រាសាទតាមាន់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ លោកក៏សូមថ្លែងអំណរគុណដល់ អ្នកឧកញ៉ា លាង ពៅ និងចូលរួមត្រេកអរដល់បងៗកងទ័ពជួរមុខ ដែលទទួលបានស៊ីម៉ងត៍ចំនួន ៣០តោននេះ សម្រាប់ទៅធ្វើលេណដ្ឋាន ឬស្ថាបនាផ្លូវផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី គឺជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាស៊ីម៉ងត៍ដែលមានគុណភាពល្អដាច់គេក្នុងប្រទេសកម្ពុជា។ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។ មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានទាំងរង្វន់លើកទឹកចិត្ត និងគុណភាពខ្ពស់ មានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេស។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជិត៣០០ដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា ។រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងតែជួយសង្គម គិតគូដល់សុខទុក្ខបងប្អូនប្រជាជនខ្មែរយើង។ មកដល់ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ ក៏បានចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ម្ចាស់ក្រុមហ៊ុនមានឈាមជ័រជាខ្មែរ ស្រឡាញ់ប្រជាជនខ្មែរ និងនៅជាមួយបងប្អូនខ្មែរជាដរាប៕



