អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ប៊ុន ចន្ធូ ទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

ពិធីបំពាក់មេដាយនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ។
មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជន ដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ។
អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាអ្នកជំនួញពហុវិស័យមួយរូប តែងមានភាពច្នៃប្រឌិត និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់អ្នកឧកញ៉ា គឺចូលរួមបង្កើតផលិតផលទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ អ្នកឧកញ៉ា និងលោកជំទាវ តែងតែបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ និងកិច្ចការសប្បុរសធម៌ជាច្រើន។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea និងសណ្ឋាគារ រីសតជាង ១០កន្លែង ព្រមទាំងកំពុងមានគម្រោងថ្មីៗបន្ថែមទៀតដូចជា ការនាំយកនូវរថយន្តត្រជាក់រាប់រយគ្រឿងសម្រាប់ដឹកបន្លែផ្លែឈើទៅកាន់ប្រទេសចិន ការបង្កើតរោងចក្រជីកសិកម្ម និងការបង្កើតស្ថានីយសាករថយន្តអគ្គីសនីទាំង ២៥រាជធានី ខេត្តផងដែរ៕




