ឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា លី ឆេង ប្រធានគណៈប្រតិបត្តិ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកាសមាគម ចំនួន ១១៥រូប ដែលជាតំណាងមកពី១៤២ គ្រឹះស្ថាន ចុះសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ជូនកងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បាននាំយកស័ង្កសី ចំនួន ៣,០០០សន្លឹក (1m x 7.70m) ស្មើនឹង ២៣,១០០ ម៉ែត្រការ៉េ គ្រឿងឧបភោគបរិភោគ (អង្ករផ្កាម្លិៈ ចំនួន ៥០បេ (២.៥តោន) មីជាតិ ចំនួន ៥០០កេស ត្រីខកំប៉ុង ចំនួន ៣០០យួរ ទឹកផ្លែឈើ ចំនួន ៥០កេស ទឹកសុទ្ធ ចំនួន ៣០០កេស) និងថវិកាចំនួន៥០០០ដុល្លារ ប្រគល់ជូនដល់កម្លាំង ប្រដាប់អាវុធដែលកំពុងឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស បានទទួលអំណោយទាំងនេះ ដើម្បីចែកជូនបន្តដល់ កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅសមរភូមិជួរមុខ។
ការចូលរួមថវិកាដោយស្ម័គ្រចិត្ត ពីសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ទោះតិចក្តី ច្រើនក្តី បានបង្ហាញអំពីស្មារតី ស្នេហាជាតិ សាមគ្គីភាពជាតិ ជាធ្លុងមួយដ៏រឹងមាំ ក៏ដូចជាការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គួរបញ្ជាក់ថា អំណោយទាំងអស់នេះ ជាការចូលរួមឧបត្ថម្ភពី សាកលវិទ្យាល័យ វិទ្យាស្ថាន សាលារៀន និងគ្រឹះស្ថានអប់រំនានា នៅក្នុងប្រទេសកម្ពុជា៕







