អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបើកការស៊ើបអង្កេតទៅលើមន្ត្រីជាន់ខ្ពស់ ២រូបគឺ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

អង្គភាពប្រឆាំងអំពើពុកលួយ បានបញ្ជាក់ថា តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង ក្រុមការងារបានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺលោក ស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។
ស្របជាមួយគ្នានេះតុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺ អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន ៣២ សំណុំរឿង មកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ហើយតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។
អង្គភាពប្រឆាំងអំពើពុកលួយ បានឱ្យដឹងទៀតថា សំណុំរឿងទាំង ៣២នេះ មានទាំងអស់ 24,852ទំព័រ (អង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាបគឺជាសាក្សី។ រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និងស ថាវី វិញ អ្នកទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង។
សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន ០៣ រួមមាន៖ ១. បទឆបោកមានស្ថានទម្ងន់ទោស ២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ៣. បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រី ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤៕

