ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង សហការជាមួយរដ្ឋ នឹងធ្វើការកាយដកដែកផ្លូវរថភ្លើងចេញ រួចចាក់បេតុងឱ្យស្អាតឡើងវិញ នៅលើទ្រូងផ្លូវ 105K ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការគ្រោងនឹងកែសម្រួលកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង់នៅលើទ្រូងផ្លូវ 105K និងការធ្វើឱ្យប្រសើរឡើងជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកនៅតំបន់ទំនប់កប់ស្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។ 

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។ 

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ៕