លោក ហ៊ី គឹមហុង (អតីតអ្នកឧកញ៉ា) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពិភពដីមាស អ៊ិមវេសម៉ិន ឯ.ក (Piphup Deimeas Investment Co.,Ltd.) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក និងសហការី នៃក្រុមហ៊ុនពិភពដីមាស កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន តាមរយ: ឯកឧត្តមសេនីយ៍ឯក យិន ចន្ទ័ធួន និងលោកជំទាវ ជូនដល់ទីបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារ។

កម្មវិធីប្រគល់ទទួលអំណោយឧបត្ថម្ភនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះរួមមាន៖ ថវិកា ចំនួន ៣០.០០០.០០០រៀល អង្ករចំនួន ៥តោន, ទឹកសុទ្ធ ចំនួន ៥០កេស, មីចំនួន ៥០កេស និងក្រម៉ា ចំនួន ២៥០ក្រម៉ា។ សរុបរួមគិតជាទឹកប្រាក់ ៤២.០២០.០០០ រៀលគត់។
ក្រុមហ៊ុនពិភពដីមាស បានឱ្យដឹងថា ការនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារនេះ គឺជាការចូលរួមគោរពគាំទ្រ និងលើកទឹកចិត្តជូននាយទាហាន នាយទាហានរង ពលទាហាន ជាវីរយុទ្ធជនជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ឯកឧត្តមសេនីយ៍ឯក ព្រមទាំងវីរយុទ្ធជនជួរមុខ សូមមានសុខភាពល្អបរិបូណ៌ និងជ័យជំនះគ្រប់ពេលវេលា៕









