នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំអនុក្រុមការងារ “ខ” “ផ្នែកកិច្ចសម្រួលពាណិជ្ជកម្មលើសេវាពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម និងកម្មសិទ្ធបញ្ញា” ក្រោមយន្តការនៃក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ហ៊ូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្កនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងជាប្រធានអនុក្រុមការងារ “ខ” ផ្នែករដ្ឋាភិបាល និង លោក រឿន ប៊ុនហេង ប្រធានអនុក្រុមការងារ “ខ” ផ្នែកឯកជន ព្រមទាំងមានការចូលរួមពី ឧកញ៉ា ងួន ម៉េងតិច សមាជិកអនុក្រុមការងារ “ខ”, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងសមាជិក សមាជិកានៃអនុក្រុមការងារ “ខ” ផ្នែកឯកជនមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងសេវាពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម និងកម្មសិទ្ធបញ្ញា ហើយបញ្ហាដែលមិនអាចដោះស្រាយបានក្នុងកម្រិតអនុក្រុមការងារនេះ និងត្រូវបញ្ជូនដោះស្រាយបន្តក្នុងក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” ឆាប់ៗខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១.ការចុះបញ្ជី បង្កើត វិសោធនកម្ម និងរំលាយសាខាក្រុមហ៊ុនក្នុងស្រុក , ២.ការស្នើសុំចុះបញ្ជីចំពោះការពង្រីកផលិតកម្មនៃក្រុមហ៊ុនដែលជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ , ៣.ការស្នើសុំសិទ្ធិគ្រប់គ្រងក្រុមហ៊ុន នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម , ៤.ការផ្តល់ដល់មន្ត្រីចុះបញ្ជីនូវឈ្មោះលេខាធិការរបស់ក្រុមហ៊ុន, ៥.ការចុះបញ្ជីទទួលស្គាល់អ្នកតំណាងស្របច្បាប់ជានិតិបុគ្គលក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម, ៦.ការកំណត់ចំនួនលក្ខន្តិកៈរបស់ក្រុមហ៊ុនដែលត្រូវតម្កល់ រួមទាំងបញ្ហាប្រឈមមួយចំនួនផ្សេងទៀត៕






