អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ៥០០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចូលរួមថវិកាឧបត្ថម្ភចំនួន ៥០០០០ដុល្លារអាមេរិក ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពេលនេះ ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នឹងប្រារព្ធឡើងក្នុងគោលបំណង ៣សំខាន់ៗ រួមមាន៖ ទី១-បូកសរុបលទ្ធផលការងាររយៈពេល១០ឆ្នាំ របស់សមាគម, ទី២-កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្ដូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងទី៣-ការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ដើម្បីបញ្ចូលនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលចូលក្នុង សមាគមអតីតយុទ្ធជនកម្ពុជា៕