អ្នកឧកញ៉ា សួរ វីរៈ អញ្ជើញជាវាគ្មិន ក្នុងកម្មវិធីជំនួបសហគ្រិន ក្រោមប្រធានបទ “ការអភិវឌ្ឍអាជីវកម្មក្នុងបរិបទលំបាក” ដល់សហគ្រិន អាជីវករ ម្ចាស់អាជីវកម្មធុនតូច-មធ្យម នៅខេត្តកំពត កែប

ជុំវិញ​ឧកញ៉ា

សមាគមសហគ្រិនវ័យក្មេងសាខាកំពត-កែប បានដឹកនាំរៀបចំកម្មវិធីដ៏ធំមួយគឺ ជំនួបសហគ្រិនក្នុងខេត្តកំពត និងកែប ក្រោមអធិបតីភាព ឯកឧត្តម មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីជំនួបសហគ្រិនខេត្តកំពត កែបនេះ បានធ្វើឡើងក្រោមប្រធានបទ “ការអភិវឌ្ឍអាជីវកម្មក្នុងបរិបទលំបាក” ដោយបានចែករំលែកពីវាគ្មិនកិត្តិយស អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឃឹម ប៊ុនឡែនប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ផងដែរ។

បើតាមរដ្ឋបាលខេត្តកំពត កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវគំនិតអាជីវកម្ម ទៅកាន់សហគ្រិន អាជីវករ ម្ចាស់អាជីវកម្មធុនតូច-មធ្យម និងសិស្សនិស្សិតជាពិសេសក្នុងខេត្តកំពត-កែប ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ដែលជាផ្នែកមួយក្នុងការជម្រុញទៅលើការអភិវឌ្ឍអាជីវកម្មរបស់អាជីវករកម្ពុជា កសាងទំនាក់ទំនងជាតិ-អន្តរជាតិ ពង្រឹង និងពង្រីកអាជីវកម្ម ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាសម្រេចគោលដៅឆ្នាំ២០៥០ ជាប្រទេសអ្នកមានចំណូលខ្ពស់។

គួរជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ក្រោមការដឹកនាំរបស់លោក ឃឹម ប៊ុនឡែន ដែលជាប្រធាន បានចាប់បើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ហើយបានរីកចម្រើនជាបន្តបន្ទាប់ តាំងពីការជួយអភិវឌ្ឍសមត្ថភាពសមាជិករបស់សមាគម ម្ចាស់អាជីវកម្មជាច្រើនក្នុងខេត្តកំពត-កែប និងរៀបចំកម្មវិធីធំៗជាច្រើនប្រចាំឆ្នាំ៕