នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបជាមួយលោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ា នៅសភាពាណិជ្ជកម្មកម្ពុជា។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសនេះ ឧកញ៉ា លឹម សុជាតិ បានស្វាគមន៍វិនិយោគិន និងធុរជនមីយ៉ាន់ម៉ា មកស្វែងយល់អំពីកាលានុវត្តភាព និងសក្តានុពលនៅកម្ពុជាក្នុងវិស័យអចលនទ្រព្យ ផលិតកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។
លោកឧកញ៉ា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរបស់ប្រតិភូមីយ៉ាន់ម៉ា គឺជាឱកាសដ៏ល្អមួយសម្រាប់ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជោគជ័យជាច្រើន ដែលនឹងពង្រឹងយ៉ាងសំខាន់នូវចំណងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា។
លោក Aik Htun បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា លឹម សុជាតិ ដែលបានទទួលជួបពិភាក្សាកាងារជាមួយលោក ក៏ដូចជាគណៈប្រតិភូមីយ៉ាន់ម៉ា។ លោកប្រធាន មានប្រសាសន៍លើកឡើង អំពីគោលបំណងនៃទស្សនកិច្ចនេះ និងសង្ឃឹមយ៉ាងមុតមាំអំពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា និងមីយ៉ាន់ម៉ា នាពេលអនាគត៕









