ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd) របស់អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញជូនអត្ថន័យយ៉ាងលម្អិតអំពីនិមិត្តសញ្ញាក្រុមហ៊ុនខ្មែរមួយនេះ។

តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី បានបង្ហាញជូនអត្ថន័យនិមិត្តសញ្ញារបស់ក្រុមហ៊ុន ដូចខាងក្រោម៖
១.អត្ថន័យនៃពណ៌៖ ពណ៌ស តំណាងឱ្យ ភាពបរិសុទ្ធ និងភាពស្មោះត្រង់ ធ្វើអាជីវកម្មដោយភាពស្មោះត្រង់មិនកឹបកេងប្រយោជន៍បុគ្គលិកអតិថិជន និងភាគីពាក់ព័ន្ធ។ ពណ៌ខៀវ បង្ហាញពីឧត្តមគតិ ឆន្ទៈ ការអំណត់ព្យាយាម និងការទទួលខុសត្រូវខ្ពស់ចំពោះការដឹកនាំអាជីវកម្មនិងសង្គម។ ពណ៌ទឹកក្រូច កម្លាំងចិត្ត ថាមពល ភាពឆ្នៃប្រឌិត និងភាពសប្បាយរីករាយ។
២.អត្ថន័យនៃកាំជណ្ដើរ៣៖ ជណ្តើរទី១ ចាប់ផ្តើមកសាងគ្រឹះនៃអាជីវកម្ម, ជណ្តើរទី២ អភិវឌ្ឍន៍អាជីវកម្ម និងជណ្តើរទី៣ ពង្រឹង និងពង្រីកអាជីវកម្ម។
៣.អត្ថន័យនៃសសរ២ដើម៖ សសរទី១ ស្ថិរភាពហិរញ្ញវត្ថុ, សសរទី២ កំលាំងធនធានមនុស្ស។
៤.អត្ថន័យនៃអក្សរឡាតាំង (VET)៖ V: VIREAK BUNTHAM, E: EXPRESS, T: TRANSPORTS។

សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕

