កាលពីរសៀលថ្ងទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អុីមផត អេនអិចផត ឯ.ក ដែលជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី របស់អ្នកឧកញ៉ា សួរ វីរៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។


ថ្លែងក្នុងពិធីខាងលើ អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា អ្នកឧកញ៉ាមានសេចក្តីសោមនស្សរីករាយ ដែលបានមានវត្តមានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈដ៏សំខាន់នេះ ដែលជាចំណែកមួយក្នុងការចូលរួមនាំចេញអង្ករកម្ពុជា ក៏ដូចជាកសិផលផ្សេងទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ាបន្តថា ពិធីចុះហត្ថលេខានាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតចេញពីការជឿទុកចិត្ត និងជាភាពជាដៃគូរ ហើយនេះជាសមិទ្ធផលថ្មីមួយកើតចេញពីសហប្រតិបត្តិការរវាង វិស័យរដ្ឋ និងឯកជន ដើម្បីរួមគ្នាជំរុញការនាំចេញអង្ករកម្ពុជាចំនួនប្រមាណ២ម៉ឺនតោន និងសង្ឃឹមថា កសិផលជាច្រើនទៀត រួមមានដូចជា ផ្លែមៀន ចេក ស្វាយ ទុរេន គ្រាប់ស្វាយចន្ទី និងទឹកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សំដៅលើកម្ពស់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពជូនដល់ប្រជាកសិករខ្មែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍ ក៏ដូចជានឹងជំរុញលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ អោយងាកមកចាប់ផ្តើមដាំដុះអង្ករកម្ពុជា ដែលជាពូជអាចផ្តល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ និងកសិផល បន្លែ ផ្លែឈើផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងដំណើរអាជីវកម្មជាង២១ឆ្នាំមកនេះ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាន និងកំពុងបន្តរួមចំណែកលើកកម្ពស់ស្ទើរគ្រប់វិស័យចម្បងៗនៅកម្ពុជា រួមមានដូចជា វិស័យដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ផ្លូវទឹក រួមទាំងផ្លូវអាកាសក្នុងពេលឆាប់ៗនេះ វិស័យបញ្ញើទំនិញក្នុង និងក្រៅប្រទេស និងទៅកាន់បណ្តាប្រទេសនានាទូទាំងពិភពលោកក្នុងពេលខាងមុខនេះ ហើយក៏មានវិស័យបដិសណ្ឋារកិច្ច វិស័យកសិកម្ម និងការវិនិយោគលើវិស័យអចលនទ្រព្យ។ ដែលទាំងនេះ ជាការចូលរួមចំណែករបស់វិស័យឯកជនក្នុងការជួយជំរុញដល់វិស័យកសិកម្មកម្ពុជាអោយមានភាពរីកចំរើន ស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជារបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវនិរន្តន៍ភាពនៃចំណូលរបស់ប្រជាកសិករ ។

អ្នកឧកញ៉ាបានបន្ថែមថា ជាក់ស្តែងក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈរ អុីមផត អេនអិច ដែលជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្កើតឡើងក្នុងគោលបំណងជួយជំរុញដល់ការនាំចេញក៏ដូចជាការជួយរៀបចំឯកសារគតិយុត្ត ច្បាប់ទម្លាប់នានា ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូននាំចេញកសិផលអង្ករកម្ពុជា ក៏ដូចជាផលិតផលកសិកម្មកម្ពុជាជាច្រើនទៀតដូចជា ផ្លែមៀន ចេក ស្វាយ ទុរេន គ្រាប់ស្វាយចន្ទី និងទឹកត្រចៀកកាំ និងខិតខំស្វះស្វែងរកទីផ្សារផ្សេងៗទៀតទៅកាន់ពិភពលោក មិនត្រឹមតែប្រទេសចិននោះទេ។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងទូទាំងពិភពលោក តាមរយៈការបង្កើតអោយមានជារថយន្តកុងតឺន័រខ្នាតតូច ខ្នាតធំ មានទាំងប្រភេទរថយន្តស្ងួត និងរថយន្តត្រជាក់ដែលអាចឆ្លងកាត់ព្រំដែននៃតំបន់អនុមេគង្គ ហើយជាក្រុមហ៊ុនដែលអាច Clear កសិផលនានាឆ្ពោះទៅកាន់ពិភពលោក ។ ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានធ្វើផែនការក្នុងការជួយទិញកសិផលជាពិសេសបន្លែ ពីសហគមន៍ទំនើប និងសហគមន៍ផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋដែលបង្កបង្កើនផលនៅគ្រប់តំបន់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកទីផ្សារលក់ក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រផលិតផលរបស់ប្រជាកសិករ តាមរយៈការត្រៀមរថយន្តត្រជាក់រាប់សិបគ្រឿង និងឃ្លាំងត្រជាក់ក្នុងការទិញ និងដឹកជញ្ជូនកសិផលរបស់កសិករ ក៏អាចរួមចំណែកកាត់បន្ថយការនាំចូលបន្លែពីបណ្តាប្រទេសជិតខាង ក៏ដូចជាការរក្សាអោយបានចំណូលសេដ្ឋកិច្ចរបស់កសិករ។
លើសពីនេះ ក្រុមហ៊ុន ក៏បានវិនិយោគលើរោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិត ជីសរីរាង្គ ជីជន្លេន និងជីគីមីផ្សេងៗទៀតប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃទាប ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការស្វែងរកជីទាំង ១២៥០ សាខា ទូទាំងប្រទេសកម្ពុជា សម្រាប់ធ្វើកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃដើមដល់ប្រជាកសិករ ហើយក៏បានចូលរួមក្នុងការគាំទ្រផលិតផលក្នុងស្រុក ដែលនឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ៕















