ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងអនុសហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន, តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងសមាគមសណ្ឋារគារនៅកម្ពុជា និងតំណាងក្រុមហ៊ុន ឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើនទៀត។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងទេសចរណ៍ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.ការធ្វើការទំនាក់ទំនងទេសចរណ៍ក្នុងពេលមានវិបត្តិ ២. ការធ្វើយុទ្ធសាស្រ្តទីផ្សារក្នុងពេលមានវិបត្តិ ៣. ការបង្កើតប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយទេសចរណ៍ ៤. ប្រតិបត្តិការទេសចរណ៍ ៥. ឧបករណ៍ និងធនធានសម្រាប់សហគ្រាសធុនតូច និងមធ្យមឯករាជ្យ ៦.ការដោះស្រាយបញ្ហាទីផ្សារក្នុងរយៈពេលវែង រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕






