ឧកញ៉ា តែ តាំងប៉៖ កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ នៅចុងសប្តាហ៍នេះ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្ហើបឱ្យដឹងថា កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ នៅចុងសប្តាហ៍នេះ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដែលមានអ្នកតាំងពិព័រណ៍ជាង ៣០០សហគ្រាស និងមានផលិតផលជាង ១០០ប្រភេទ នៅអគារពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដោយមានការគាំទ្រពីសមាគមមូលនិធីសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានផលិតផលខ្មែរសុទ្ធតែម្តង ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ និងទស្សនាដោយសេរី ខណៈដែលការជំរុញ ការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។

ឧកញ៉ា តែ តាំងប៉ បានបន្ថែមថា ព្រឹត្តិការណ៍នាពេលខាងមុខ នឹងជំរុញឱ្យប្រជាជនកម្ពុជាកាន់តែច្រើនប្រើប្រាស់ និងគាំទ្រផលិតផលផលិតក្នុងស្រុក។ លោកឧកញ៉ាក៏សូមអំពាវនាវដល់សហគ្រាសធុនតូច និងមធ្យម (SME) ដែលត្រូវការដើមទុនទាក់ទងទៅ FASMEC ដោយកត់សម្គាល់ថា សហព័ន្ធជួយស្វែងរកដៃគូក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ផលិតកម្ម។

ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមផ្តល់អាទិភាពដល់ផលិតផលក្នុងស្រុកជាជាងការនាំចូល ដើម្បីពង្រឹងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យកាន់តែរឹងមាំដោយខ្លួនឯង បន្ទាប់ពីមានជម្លោះជាមួយប្រទេសថៃ ដូច្នេះការលក់ផលិតផលក្នុងស្រុកបានកើនឡើងគួរឱ្យកត់សម្គាល់។ លើសពីនេះ កម្មវិធី FASMEC នឹងដាក់តាំងបង្ហាញផលិតផលកម្ពុជាពីទូទាំងប្រទេស ដើម្បីបង្ហាញដល់រដ្ឋាភិបាលថា ទោះបីជាប្រទេសជិតខាងបិទព្រំដែនក៏ដោយ ក៏កម្ពុជានៅតែអាចបំពេញតម្រូវការក្នុងស្រុកបាន ហើយក៏នឹងខិតខំពង្រីកទីផ្សារនាំចេញផងដែរ៕