ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងជម្រាបដល់សិស្សនិទ្ទេស A នៃសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ចំនួន ៣,០០៣ នាក់ សូមប្រញាប់ចុះឈ្មោះយកកញ្ចប់ធ្វើដំណើរសេរី VET Express ភ្លាមៗ ដើម្បីធ្វើដំណើរគ្រប់ប្រភេទរថយន្ត វិរៈ ប៊ុនថាំ ដោយឥតគិតថ្លៃ ទាំងក្នុងស្រុក និងក្រៅស្រុក។



របៀបចុះឈ្មោះងាយៗ សម្រាប់សិស្សនិទ្ទេស A គឺ៖
១.ស្កេន QR Code លើ Poster ខាងលើ ឬ ចូលទៅកាន់ Link នេះ៖ https://forms.gle/JrYESUndXx2DVjEcA
២.ចូលទៅបំពេញព័ត៌មាន អុីមែល, ឈ្មោះ, លេខទូរស័ព្ទ
៣.ដាក់ឯកសាររូបភាពដូចជា៖ រូបភាពសាលកបត្រប្រឡង/កាតសិស្ស, លំដាប់ពិន្ទុ និងរូបថតចំពីមុខ រួចចុច Submit។
ការផ្តល់ជូនខាងលើនេះ ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី៣០ កញ្ញា ២០២៥។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសផ្តល់កាដូជូនដល់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ទាំងអស់ ទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃពេញមួយឆ្នាំ ពីក្រុមហ៊ុនវីរ:ប៊ុនថាំ។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ តែងតែយកចិត្តទុកដាក់ខ្ពស់ជួយដល់ការងារសង្គម និងកិច្ចការសប្បុរសធម៌នានា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន ក៏បានបញ្ជូនរថយន្តរាប់សិបគ្រឿង ទាំងរថយន្តធន់ធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដើម្បីដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នាំជូនអំណោយទៅកាន់វីរកងទ័ពជួរមុខ និងដឹកជញ្ជូនបងប្អូនជនភៀសសឹកខ្មែររាប់ពាន់នាក់ផងដែរ៕

