អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានទទួលលិខិតថ្លែងអំណរគុណ ពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃបិទកម្មពិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលខ្មែរ» កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមបិទកម្មពិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលខ្មែរ» ដែលប្រព្រឹត្តទៅយ៉ាងអធិកអធម ជាមួយវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅលើវេទិកាពិភាក្សាដ៏មានអត្ថន័យ ក្រោមប្រធានបទ «ខ្មែរធ្វើបាន»។
នាឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញប្រគល់លិខិតថ្លែងអំណរគុណដល់ដៃគូសហការ គាំទ្រ និងឧបត្ថម្ភក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរសហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមហ៊ុនជាដៃគូ រួមទាំងវាគ្មិនទាំងអស់ រួមមានក្រសួង-ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាបងប្អូនជាអ្នកផលិតមាតិកា ដែលបានផ្ដល់ការឧបត្ថម្ភ គាំទ្រ និងកិច្ចសហការយ៉ាងល្អ ធ្វើឱ្យកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» រយៈពេល ៣ ថ្ងៃ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមស្មារតីសាមគ្គីភាពដ៏ស្អិតរមួត។
សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងពាក់ព័ន្ធ ដែលមានការគាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L)។ កម្មវិធីនេះ មានរៀបចំតាំងបង្ហាញផលិតផលខ្មែរ ការចែករម្លែកចំណេះដឹង បទពិសោធ និងទស្សនៈ ក៏ដូចជាការតាំងបង្ហាញស្មារតីខឿនការពារជាតិប្រជាជនផងដែរ៕











