អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុនកំពតផត និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមបរិច្ចាគថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ១០០ខ្នង ក្នុងមួយឆ្នាំ ដែលមានរយ:ពេល ៥ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។ សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារ អតីតយុទ្ធជន និងនិវត្តជន ខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អាជ្ញាធរដែនដី សប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារ:។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និងនិវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និង និវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់។
សូមជម្រាបថា អ្នកឧកញ៉ា វិញ ហួរ កន្លងមកតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ជាក់ស្តែង អ្នកឧកញ៉ាក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសផងដែរ៕



