កាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានថៃ MGROnline Live បានចុះផ្សាយអំពីពីស្ថានីយប្រេងឥន្ធនៈ PEACE របស់លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ដោយបានវាយប្រហារថាស្ថានីយប្រេងថ្មីនេះ ពុំមានប្រភពប្រេងសម្រាប់ផ្គត់ផ្គង់នោះទេ។

បន្ទាប់ពីបានឃើញព័ត៌មានរបស់ថៃខាងលើនេះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិក ក្រុមហ៊ុនប្រេងឥន្ធនៈ Peace Petroleum Cambodia បានសម្តែងការហួសចិត្តជាខ្លាំង។ អ្នកឧកញ៉ា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថាគេផ្សព្វផ្សាយព័ត៌មានថា ភីស ដែលផ្តាច់ខ្លួនចេញពី PTT ពុំមានប្រភពប្រេងសម្រាប់ផ្គត់ផ្គង់ បានតែទំនាក់ទំនងក្រុមហ៊ុនធំមួយ។ ឥឡូវនេះពី ៣៥ស្ថានីយ នៅសល់តែ ៨ស្ថានីយទេ។ ឱលោកអើយ! គួរឱ្យអាណិតណាស់ បក Google Translate ខុសទាំងស្រុងតែម្តង។
«បងប្អូនខ្មែរមួយចំនួនដែលជឿលើការញុះញង់ សូមជួយតាមដានព័ត៌មានខាងផ្ទះគេផង រាល់ថ្ងៃនេះគេខំប្រឹងវាយប្រហារយើងសម្បើមខ្លាំងណាស់ ដូច្នេះសុំចិត្តបងប្អូនជួយគាំទ្រអ្វីដែលជាសមិទ្ធផលរបស់កូនខ្មែរ និងសូមកុំលាបពណ៌ លាបថ្នាំខ្មែរគ្នាឯងអី វាធ្វើឱ្យគេកាន់តែមើលងាយជាតិសាសន៍យើងបន្ថែមទៀត។ សូមបញ្ជាក់ថា ក្រុមហ៊ុន ភីស ប្តូររូបរាង ហើយក៏ប្តូរប្រភពអ្នកផ្គត់ផ្គង់ផងដែរ កុំមានគំនិតអគតិជាមួយនឹងខ្មែរគ្នាឯងពេក»។ អ្នកឧកញ៉ា បានបន្ថែម។
សូមជម្រាបថា ថ្មីៗនេះក្រុមហ៊ុន PEACE Petroleum Cambodia បានប្រកាសសហការជាមួយក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាម៉េរិក លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។ ជាមួយគ្នានេះ កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហាញរូបភាពរបស់លោក ចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ Peace ជាលើកដំបូងផងដែរ៕



