អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គងស្រូវស្រង៉ែស្រាល រវាងសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងក្រុមហ៊ុនវិរៈ ប៊ុនថាំ គ្រុប។

ពិធីចុះកិច្ចសន្យាលើវិស័យកសិកម្មដ៏ធំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ បើតាមក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ចសន្យានេះធ្វើឡើងក្នុងការផ្គត់ផ្គងស្រូវក្នុងបរិមាណ ៥ ៦១០តោន លើផ្ទៃដីទំហំ ៩៣៥ ហិកតា ដោយរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
សូមជម្រាបថា កាលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសបើកលក់អង្ករស្រង៉ែក្រអូបស្រូវថ្មី ដែលជាផលិតផលកសិផលក្នុងស្រុក មានប្រភពមកពីខេត្តបាត់ដំបង និងមានគុណភាពខ្ពស់ នៅគ្រប់ទីតាំងសាខាវិរៈ ប៊ុនថាំទាំងអស់ទូទាំងប្រទេស។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus, ទូកល្បឿនលឿន Buva Sea ព្រមទាំងការវិនិយោគលើវិស័យកសិកម្មផងដែរ៕












