លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនិយ័តករមូលបត្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា នៅអគារ ធនាគារ វីងថៅវ័រ។

ពិធីចុះហត្ថលេខាលើ MOU ក្នុងវិស័យមូលបត្រនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, អ្នកឧកញ៉ា ឧកញ៉ាៗ សមាជិក សមាជិកា មកពីសភាពាណិជ្ជកម្មកម្ពុជា និងព្រមទាំងសិល្បករ សិល្បការិនីល្បីៗជាច្រើននាក់។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការចុះ MOU នាថ្ងៃនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយពីវិស័យមូលបត្រតាមរយៈយន្តការសិល្បករ សិល្បការិនី ដើម្បីពង្រឹងទំនុកចិត្តទីផ្សារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការឆបោកនានា ដែលកំពុងតែកើតមានឡើងនៅក្នុងទីផ្សារ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ពិធីចុះហត្ថលេខារវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមសិល្បករខ្មែរដ៏មានសារៈសំខាន់នេះ គឺជាការបើកទំព័រថ្មី របស់សមាគមសិល្បករខ្មែរ, ពិសេសសិល្បករសិល្បការិនីកម្ពុជា ក្នុងការចាប់យកនូវចំណេះដឹងថ្មី បទពិសោធន៍ថ្មី ពាក់ព័ន្ធនឹង វិស័យមូលបត្រ ដែលប្រជាជនកម្ពុជាយើងភាគច្រើនធ្លាប់បានដឹងឮ ប៉ុន្តែមិនសូវបានស្វែងយល់ឱ្យស៊ីជម្រៅនៅឡើយ ថាតើអ្វីទៅជាទីផ្សារមូលបត្រ? ទោះបីជា វិស័យនេះ មានឥទ្ធិពល ប្រកបដោយសារៈប្រយោជន៍ជាសាកលក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក៏ដោយ។
លោកជំទាវអ្នកឧកញ៉ា បានបន្តថា វិស័យមូលបត្រ គឺជាវិស័យដ៏សំខាន់មួយមិនអាចខ្វះបានសម្រាប់វិស័យហិរញ្ញវត្ថុ។ វិស័យនេះ គឺជាសសៃឈាមសេដ្ឋកិច្ចជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យមូលធនក្នុងស្រុកមានសន្ទនីយភាព បម្រើដល់ធុរកិច្ចដែលត្រូវការហិរញ្ញប្បទានជាចាំបាច់។ វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់នូវប្រភពទុនមិនចេះរីងស្ងួត សម្រាប់អ្នកវិនិយោគ ម្ចាស់អាជីវកម្មទូទៅ និងបង្កើតនូវប្រភពចំណូលបន្ថែម សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចពាក់ព័ន្ធជាច្រើនផ្សេងទៀត ដែលអាចធ្វើពិពិធកម្មខ្ទង់វិនិយោគរបស់ខ្លួនបានកាន់តែប្រសើរ។
សូមបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី, បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា កាលពីឆ្នាំ២០០៦, សម្តេចបានចាត់ឱ្យបង្កើតក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាពីលទ្ធភាពនៃការបង្កើតទីផ្សារមូលបត្រឡើង សំដៅរួមចំណែកពង្រីកខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសក្តានុពល។ ក្រោមកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ នៅទីបំផុតការជួញដូរមូលបត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ហើយមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីចំនួន ១១ ដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ, PESTECH, GTI, JS Land Plc, MJQ, DBD Engineering Plc, ធនាគារ អេស៊ីលីដា, រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិក ម.ក និងក្រុមហ៊ុន ខេម ជីអេសអេម ម.ក (Cellcard)៕
















