ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ លើកទី២

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវ​អង្ករ​កម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល ដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័តលើរបៀបវារៈមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅតាមរបៀបវារៈដូចជា៖ ១).ពិនិត្យមើលរបាយការណ៍កិច្ចប្រជុំលើកទី១ អាណត្តិទី៥, ២).ពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពឆមាសទី៤ ឆ្នាំ២០២៥, ៣).ពិនិត្យ និងផ្ដល់យោបល់​លើគម្រោងឥណទានឡសម្ងួត និងឃ្លាំងដល់រោងម៉ាស៊ីន, ៤).ពិនិត្យ និងផ្ដល់យោបល់លើគម្រោងកិច្ច​សន្យា​កសិកម្ម និងការផ្សារភ្ជាប់កសិករ និងរោងម៉ាស៊ីនកិនស្រូវ និង៥).ពិនិត្យ និងផ្ដល់យោបល់លើគម្រោងផ្នែកទីផ្សារ និងការនាំចេញ។

ជាលទ្ធផល អង្គប្រជុំទាំងមូលបានសម្រេច និងអនុម័តទៅលើរបៀបវារៈទាំង ៥ ដោយទទួលបានសម្លេងបោះឆ្នោត​មួយរយភាគរយ នៃវត្តមានរបស់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួម។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណទៅកាន់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានចូលរួមពិភាក្សា និងផ្ដល់ធាតុចូលមកកាន់កិច្ចប្រជុំ។ លើសពីនេះ លោកឧកញ៉ាប្រធាន សង្ឃឹមថា​ការរួមគ្នា​ក្នុងអាណត្តិថ្មីនេះ នឹងបន្តនាំយកមកនូវលទ្ធផលល្អ ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា​ឱ្យកាន់តែល្អ​ប្រសើរ​ឡើងថែមទៀត៕