ឧកញ៉ា លី ឆេង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយលោក ម៉ីន និមល និងភរិយា ដែលត្រូវជាឪពុកម្តាយបង្កើតរបស់សពលោក និមល សុខមិត និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលមរណភាព ដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ គឺមុនតែជាង ៣ខែប៉ុណ្ណោះ នៃថ្ងៃត្រូវទទួលសញ្ញាបត្ររបស់ខ្លួន។

តាមរយៈបណ្តាញសង្គម ឧកញ៉ា លី ឆេង បានឱ្យដឹងថា ដើម្បីជួយសម្រាលបន្ទុកនៅក្នុងគ្រួសារ លោកបានផ្តល់អាហារូបករណ៍ ១០០% សិក្សារយៈពេល ១២ឆ្នាំ ដល់ក្មួយស្រី និមល វិជ័យគឹមហេង ដែលត្រូវជាប្អូនស្រីបង្កើតរបស់សពនិស្សិត និមល សុខមិត ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី៨ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។ ក្នុងពេលវេលាដ៏សែនក្តុកក្តួលនៃការបាត់បង់កូនប្រុសជាទីស្រឡាញ់ និងដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោកក៏បានចូលបច្ច័យមួយចំនួនជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
សូមជម្រាបជូនថា លោក និមល សុខមីត ជាអតីតនិស្សិតដែលទើបបញ្ចប់ការសិក្សាមកពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ លោកគឺជានិស្សិតដ៏ល្អមួយរូបដែលគោរពវិន័យសាលាបានយ៉ាងខ្ជាប់ខ្ជួន និងតែងតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាប្រចាំ រហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យតាមក្តីស្រមៃរបស់ខ្លួន។ ប៉ុន្តែជាអកុសល និស្សិតរូបនេះបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្នុងវ័យត្រឹម ២១ឆ្នាំ។
ដើម្បីសម្រេចក្តីស្រមៃកូនប្រុសជាទីស្រឡាញ់របស់ខ្លួន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ លោក ម៉ីន និមល ដែលត្រូវជាឪពុកបង្កើត បានពាក់ឯកសណ្ឋាន និងដៃកាន់រូបថតកូនប្រុស មកចូលរួម និងឡើងទទួលសញ្ញាបត្ររបស់កូន ជាមួយនិស្សិតជ័យលាភីដទៃទៀតផងដែរ៕







