លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ តែ សុវណ្ណី បានទិញដីទំហំ ១ហិកតា តម្លៃប្រមាណ ៦០,០០០ដុល្លារ (ប្រាំមួយម៉ឺនដុល្លារអាមេរិក) ប្រគេនដល់វត្តមណីរតនារាម នៅខេត្តពោធិ៍សាត់។

វត្តមណីរតនារាម (Maniratanaram Monastery) បានបញ្ជាក់ឱ្យដឹងថា លើទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បែបនេះថា៖ “សូមអនុមោទនាមហាកុសលរបស់ឧបាសក តែ សុទ្ធី និងឧបាសិកា ភូក ស៊ីចាន់ ព្រមទាំង លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងកូនចៅ ដែលមានសទ្ធាជ្រះថ្លា ចូលរួមចំណែកទិញដីប្រគេនដល់វត្ដមណីរតនារាម ចំនួន ១ ហិកតា តម្លៃ ៦០,០០០ដុល្លារ និង ត្រៃចីវរសម្រាប់បុណ្យកឋិនទាន ទឹកបរិសុទ្ធកម្ពុជា ១២០ កេស, សាប៊ូ ORA ៥០ ធុង ព្រមទាំងសម្ភារៈផ្សេងៗផងដែរ”។
វត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំ ៨ហិកតា។ ពីដំបូងទីវត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្រោមកិច្ចដឹកនាំផ្តួចផ្តើមរបស់ លោកគ្រូឧបាសក សាន សុជា និងមានការឧបត្ថម្ភពីសប្បុរសជន ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស បានកសាងជាបន្តបន្ទាប់ រួមមាន៖ ផ្លូវក្រាលគ្រួសក្រហមចូលទៅមណ្ឌលទំហំ ៧ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ ប្រវែង៩៥០ ម៉ែត្រ និងសមិទ្ធផលជាច្រើនទៀតជាបន្តបន្ទាប់។ ដោយការរីកចម្រើនក្នងការគោរពប្រណិប័តន៍ និងការរីកចម្រើនសមិទ្ធផលនានាផងនោះ នៅឆ្នាំ២០១០ ក៏មានការឯកភាព និងមូលមតិស្នើសុំប្ដូរឈ្មោះពីមណ្ឌលសិក្សាព្រះពុទ្ធសាសនា មណីរត្ន ទៅជាវត្តមណីរតនារាមវិញ។
សូមជម្រាបថា កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ដោយផ្ទាល់ផងដែរ៕










