អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា (Orienda International Hospital) ទទួលបានការតែងតាំងជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារអបអរសាទរដូច្នេះថា៖ “សូមគោរពអបអរសាទរ លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្នុងឱកាសដែលត្រូវបានតែងតាំងជា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា”។

ជាមួយគ្នានេះ អ្នកឧកញ៉ា គួន ធីតា ក៏បានចែករំលែករូបភាព ភ្ជាប់ជាមួយសារផងដែរថា៖ “នេះជាកិត្តិយសដ៏អស្ចារ្យបំផុតសម្រាប់នាងខ្ញុំ ដែលត្រូវបានតំឡើងតួនាទីជា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា”។
គួរបញ្ជាក់ថា មុនទទួលបានការតែងតាំងនេះ អ្នកឧកញ៉ា គួន ធីតា មានតួនាទីជា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច នៃសមាគមឧកញ៉ាកម្ពុជា។
សូមជម្រាបថា កាលរសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពេញអង្គ លើកទី១០ អាណត្តិទី១ ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល។ ក្នុងកិច្ចប្រជុំនោះដែរ សមាគមបានឱ្យដឹងថា សម្រាប់អាណត្តិទី១នេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ៥៣រូប៕


