ក្រុមហ៊ុន អុឹម សុផាន់ណារិទ្ធ អុឹមផត អុិចផត ឯ.ក របស់អតីតឧកញ៉ា អុឹម សុផាន់ណារិទ្ធ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានប្រកាសចូលរួមធ្វេីពហិការជាមួយប្រជាពលរដ្ឋកម្ពុជា ដោយឈប់នាំផលិតថៃ (បំណែកសាច់បង្កក) ចូលមក និងបានស្ម័គ្រចិត្ត ប្រគល់សាច់បង្កកដែលនាំចូលពីប្រទេសថៃ ជូនសមត្ថកិច្ច និងអាជ្ញាធរយកទៅដុតបំផ្លាញចោលទាំងអស់ ទោះបីសាច់បង្កកដែលនាំចូលពីថៃ មន្ត្រីជំនាញបញ្ជាក់ថាគ្មានសារធាតុគីមី និងបានបង់ពន្ធត្រឹមត្រូវក៏ដោយ។

គួររំឭកថា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះរួមមាន មន្រ្តីគយចល័តតំបន់១ មន្ត្រី កបប មន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋាន បានចុះត្រួតពិនិត្យឃ្លាំងរបស់ ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ហៅស្រីទូច ដែលនាំជង្គង់មាន់ ស្លាបមាន់ ជើងមាន់មកពីប្រទេសផ្សេងៗ រួមទាំងប្រទេសថៃ មានទីតាំងស្ថិតនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជាលទ្ធផល មន្ត្រីជំនាញរកឃើញសាច់ក្លាសេ សរុបចំនួន៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤ តោន។
យ៉ាងណាមិញ ក្រោយផ្ទុះរឿងនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា អុឹម សុផាន់ណារិទ្ធ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ កបប បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផលិតផលសាច់បង្កក របស់សហគ្រាស អុឹម សុផាន់ណារិទ្ធ អុឹមផត អុិចផត ឯ.ក របស់អតីតឧកញ៉ា អុឹម សុផាន់ណារិទ្ធ ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺមានស្ថានភាពល្អ ពុំមានសារធាតុហាមឃាត់ទេ ហើយក៏ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ដែលបានអនុញ្ញាត និងពុំមានសំណល់ថ្នាំបសុពេទ្យផងដែរ៕




