ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៖ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលនវានុវត្តន៍របស់ក្រុមហ៊ុនហួវៃ (Huawei) នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ក្នុងអំឡុងពេលគណៈប្រតិភូសភាពាណិជ្ជកម្ម អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលនវានុវត្តន៍របស់ក្រុមហ៊ុនហួវៃ នៅប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដើម្បង្កើតប្រព័ន្ធអេកូឡូស៊ី អភិវឌ្ឍន៍ និងជំរុញដល់ការផ្លាស់ប្តូរឌីជីថលនៃសេដ្ឋកិច្ចម៉ាឡេស៊ី តាមរយៈការផ្តល់ ជាគំរូបច្ចេកវិទ្យា សម្រាប់អតិថិជន និងដៃគូសហការណ៍ ក្នុងការ សាកល្បងដំណោះស្រាយបច្ចេកវិទ្យា សិក្សាអំពីគំរូអាជីវកម្ម ថ្នាលច្នៃប្រឌិត និងសេវាកម្មដែលមានផ្តល់ជូន ទាំងវិស័យរដ្ឋ និងឯកជន។ ក្នុងឆ្នាំ ២០២៤ មជ្ឈមណ្ឌលនេះ បានប្រកាសក្នុងកាបង្កើត មជ្ឈមណ្ឌលច្នៃប្រឌិត ដែលនឹងផ្តោតលើបច្ចេកវិទ្យា 5G៕












