ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំព្រឹត្តិការណ៍កីឡាធំមួយ ដើម្បីផ្សព្វផ្សាយកោះរ៉ុង ជាគោលដៅទេសចរណ៍រដូវកាលបៃតង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Royal Group Koh Rong Development Company Ltd. របស់អ្នកឧកញ៉ា គិត ម៉េង បានសហការ​ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពហុពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង រៀបចំ​ព្រឹត្តិការណ៍​កីឡាទេសចរណ៍តំបន់ឆ្នេរដ៏ធំមួយ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បី​ទាំងអស់គ្នា» ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៥ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយទទួលបានការគាំទ្រ និងអនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ត្រូវបាន​រៀបចំឡើងក្នុងគោលបំណងជំរុញយុទ្ធនាការទាក់ទាញទេសចរណ៍ក្នុងរដូវកាលបៃតង សម្រាប់គោលដៅ​ទេសចរណ៍ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក៏ដូចជា បង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋ ក្នុងពិធីអបអរសាទរព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីញ៉ាំឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញ និងសប្បាយរីករាយ ក្រុមហ៊ុន មានរៀបចំការប្រគុំតន្ត្រី និងមានសកម្មភាពកីឡាមួយចំនួន ដូចជា៖ ១- កីឡារត់ឧបសគ្គចម្ងាយ “២០០០ម៉ែត្រ” នៅឆ្នេរកោះរ៉ុង តាមបណ្តោយឆ្នេរពីចំណុច Hill Beach Resort ទៅបញ្ចប់នៅ Nest beach, ២- កីឡាបាល់ទះលើឆ្នេរខ្សាច់ “នៅឆ្នេរកោះរ៉ុង”, ៣- កីឡាអុំទូកកាយ៉ាក់នៅសហគមន៍ព្រែកកោងកាង, ៤- កីឡាប្រដាល់សេរីគុនខ្មែរ គូរអន្តរជាតិ និង៥- ជិះកង់លេងកម្សាន្តក្រុងកោះរ៉ុង “១៥គីឡូម៉ែត្រ” ពីឆ្នេរកោះរ៉ុង ទៅឆ្នេរឡងប៊ីច។

សូមជម្រាបថា ចាប់តាំងពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិវិនិយោគស្របច្បាប់សម្រាប់​អភិវឌ្ឍន៍នៅលើ​តំបន់កោះរ៉ុង ពីរាជរដ្ឋាភិបាលកម្ពុជាមក ក្រុមហ៊ុន សម្រេចបានសមិទ្ធផលនៃការអភិវឌ្ឍ​របស់ខ្លួនយ៉ាងច្រើន​ជាបន្តបន្ទាប់ ក្នុងការផ្លាស់ប្តូរកោះនេះទៅជាគោលដៅទេសចរ ណ៍លំដាប់ពិភពលោក។ ក្រុមហ៊ុន បានវិនិយោគ​លើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងការសាងសង់សណ្ឋាគារផ្កាយ ៣ និងផ្កាយ ៥ និងផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ដែលមានតម្លៃ ៣៥លានដុល្លារអាម៉េរិក។

បន្ថែមពីនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានធ្វើការជាមួយអគ្គិសនីកម្ពុជា (EDC) ដើម្បីពង្រីកខ្សែបញ្ជូនអគ្គិសនី​ក្រោមបាត​សមុទ្រប្រវែង ៦០គីឡូម៉ែត្រ ទៅកាន់កោះរ៉ុង ដោយធានាបាននូវការចែកចាយថាមពល​ប្រកបដោយ​ស្ថិរភាព ប្រើប្រាស់នៅលើកោះនេះ។ ចំណុចសំខាន់មួយទៀតនៃចក្ខុវិស័យអភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺគម្រោង​សាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ។ តាមរយៈគម្រោងអភិវឌ្ឍន៍នៅលើកោះរ៉ុងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានគោលបំណងគាំទ្រ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព៕