ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខាងលើនេះ គឺដើម្បីពិភាក្សាអំពីផលិតផលហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម និងបញ្ហាប្រឈមនានា។
គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី មានគោលបំណងក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលសហគមន៍កសិកម្មត្រូវប្រឈមមុខ ដូចជា ផលិតភាពកសិកម្មទាប ការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារដែលមានកម្រិតផងដែរ៕






