ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង យល់ឃើញថា បើសិនជាការយកពន្ធលើប្រាក់ចំណេញមូលធន ២០% ត្រូវអនុវត្តនៅឆ្នាំ២០២៦ ឆាប់ៗខាងមុខ នោះវិស័យអចលនទ្រព្យ នឹងបន្តជួបវិបត្តិមួយកម្រិតថែមទៀត បន្ទាប់ពីរយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យមួយនេះបានជួបវិបត្តិធ្លាក់ដុនដាបរួចមកហើយ។

ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា បើសិនជាអនុវត្តពន្ធលើប្រាក់ចំណេញមូលធន នៅឆ្នាំ២០២៦ តទៅ វាមិនមែនមិនត្រឹមមិនជួយដល់វិស័យដីធ្លីនោះទេ គឺនឹងធ្វើឱ្យវិស័យដីធ្លីដែលកំពុងដុនដាប រយៈពេល៥ឆ្នាំមកនេះ មិនអាចងើបឡើងមកវិញតែម្តង។ លោកពិតជាបារម្ភមែនទែន ចំពោះការយកពន្ធនេះ។ នៅឆ្នាំ២០២៦ ទោះបីកម្ពុជាបានពន្យាពេល ៥ ឬ ៦ឆ្នាំមកហើយក៏ដោយ ព្រោះរយៈពេល ៥ឆ្នាំមកនេះ គឺជាពេលវេលាដែលយើងឈឺលំបាក ហើយបើយើងមិនទាន់ជាសះស្បើយផង យើងត្រូវគេវាយបន្ថែមទៀត នោះពិតជាមិនចំណេញដល់សេដ្ឋកិច្ចជាតិទេ។ ការយកពន្ធលើប្រាក់ចំណេញមូលធន នឹងធ្វើឱ្យប្រាក់ចំណូលពន្ធដារកើនឡើង ប៉ុន្តែវានឹងធ្វើឱ្យវិស័យដីធ្លី និងវិស័យទាក់ទងមួយចំនួន នឹងកាន់តែទ្រុឌទ្រោម។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានបង្ហាញឱ្យដឹងពីវិធីគិតពន្ធលើចំណេញមូលធន ២០% ផងដែរថា៖ “ពន្ធលើចំណេញមូលធន ២០% បើយើងនិយាយឱ្យសាមញ្ញ និងងាយយល់ទាំងអស់គ្នា គឺមានន័យថា ការអនុវត្តភាគច្រើនទៅលើការទិញ-លក់អចលនទ្រព្យចាស់ៗដែលលក់តគ្នាពីប្រជាជនទៅប្រជាជន (Second Property) ព្រោះបើគម្រោងបុរី ខុនដូ គេបានបង់ជាកញ្ចប់រួចហើយ។ ជាក់ស្តែងពន្ធលើចំណេញមូលធននេះ គឺស្មើនឹងបង់ពន្ធប្រថាប់ត្រាម្តងទៀត។ ជាទូទៅ ការបង់ពន្ធប្រថាប់ត្រា ៤% ប៉ុន្តែបើយើងបូកលក្ខណៈបច្ចេកទេស ពន្ធលើប្រាក់ចំណេញ ២០% គឺស្មើនឹង ៤% ម្តងទៀត។ ពីមុនយើងលក់ផ្ទៃ ១០ម៉ឺនដុល្លារ យើងបង់ពន្ធប្រថាប់ត្រា ៤០០០ដុល្លារ រីឯពន្ធលើប្រាក់ចំណេញមូលដ្ឋានគឺអាចនឹងស្មើបង់ ៤០០០ដុល្លារម្តងទៀត ដូច្នេះសរុបត្រូវបង់ពន្ធស្មើ ៨០០០ដុល្លារ”។
កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថា ពន្ធលើចំណេញមូលធន ២០ភាគរយ ចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ តទៅ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។
គួររំឭកថា រដ្ឋាភិបាលបានចេញផែនការអនុវត្តពន្ធលើចំណេញមូលធន ២០ភាគរយនេះ តាំងពីឆ្នាំ២០២១មកម្លេះ ប៉ុន្តែដោយសារតែបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច រួមបញ្ហានានាក្នុងនិងក្រៅបរទេស ទើបរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធនេះជាបន្តបន្ទាប់ រហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។ ទោះយ៉ាងណា ពន្ធនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕




