អតិថិជនបុរី ឡេង ណាវ៉ាត្រា 6អា មួយចំនួនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា!

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីបុរី ឡេង ណាវ៉ាត្រា 6A ដាក់ដំណោះស្រាយជាកញ្ចប់ អតិថិជនមួយចំនួនបានចាប់ផ្តើមមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗហើយប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ នេះបើយោងបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា។ ដោយបញ្ជាក់ថាបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។

ជាមួយគ្នានេះ បុរី សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ខណៈនាពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ ជាបន្តបន្ទាប់។

គួរឲ្យដឹងថា កាលល្ងាចថ្ងៃទី២៤ ខែតុលា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងបុរី ឡេង ណាវ៉ាត្រា បានជួបតំណាងអតិថិជនដើម្បីជជែកស្វែងរកដំណោះស្រាយ ជម្រាបពីបច្ចុប្បន្នភាពចរន្ដការបំបែកប័ណ្ណ ដោយក្រុមហ៊ុនបានផ្ដល់ដំណោះស្រាយរួមដល់តំណាងយកទៅជជែកជាមួយអតិថិជនទាំងអស់ ហើយក្រសួងក៏ត្រៀមអញ្ជើញអតិថិជនប្លុកផ្សេងៗមកជជែករកដំណោះស្រាយជាបន្ដបន្ទាប់។

ជាមួយគ្នានេះ បុរីក៏បានចាប់ផ្ដើមធ្វើការទាក់ទងផ្ដល់ព័ត៌មាន និងអញ្ជើញអតិថិជនមកផ្ដល់ព័ត៌មានដោយផ្ទាល់ ជាលទ្ធផលមានអតិថិជនមួយចំនួន បានទទួលយកដំណោះស្រាយពីខាងបុរី។ បុរីនឹងបន្តជួបអតិថិជនគ្រប់ប្លុក និងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕