អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន សមាជិក សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីបើកសិក្ខាសាលា ស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត»។


ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
បើយោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ពិសេសអ្នកប្រើប្រាស់ដែលជាជនងាយរងគ្រោះ ជនមានពិការភាព ក្នុងការជំរុញ និងពង្រឹងអំណាចរបស់អ្នកប្រើប្រាស់ (Consumer Empowerment) តាមរយៈការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន (Inclusive Business Practices) ដែលនឹងប្រើប្រាស់សិក្ខាសាលានេះជាវេទិកាសាធារណៈ ផ្តល់កិច្ចសន្ទនា (Public Private Dialogue) រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកប្រើប្រាស់ ព្រមទាំងបញ្ជ្រាបខ្លឹមសារចូលរួមអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦៕





