ឧកញ៉ា ឆាយ ស៊ីវលីន៖ ខេត្តសៀមរាបទាក់ទាញពលរដ្ឋទៅកម្សាន្តច្រើនជាងគេ ក្នុងឱកាសថ្ងៃឈប់សម្រាកពេលបុណ្យអុំទូក

ជុំវិញ​ឧកញ៉ា

ស្របពេលរាជរដ្ឋាភិបាលផ្អាកពុំបានរៀបចំពិធីប្រណាំងទូក(ង)នៅឆ្នាំ២០២៥ដូចទៅនិងឆ្នាំកន្លងទៅ, ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា ឆាយ ស៊ីវលីន បានសង្កេតឃើញប្រជាពលរដ្ឋខ្មែរភាគច្រើនបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅខេត្តសៀមរាបច្រើនជាងចាប់ផ្តើមតាំងពីថ្ងៃដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា “ពិធីបុណ្យអុំទូកនៅឆ្នាំ២០២៥នេះ យើងបានសង្កេតឃើញថាខេត្តដែលទាក់ទាញប្រជាពលរដ្ឋខ្មែរយើងទៅច្រើនជាងគេ គឺខេត្តសៀមរាប ដោយសារខេត្តសៀមរាប៖ ទី១) មានប្រាង្គប្រសាទច្រើនជាងគេបើប្រៀបធៀបនិងបណ្តាខេត្តនានា, ទី២) ខេត្តសៀមរាបមានផលិតផលនិងសេវាកម្មសំបូរបែប ,ទី៣) ខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន្ធល្អ ការរៀបចំជាលក្ខណៈទេសចរមានការទាក់ទាញច្រើនជាងគេ,ទី៤)ខេត្តសៀមរាបមានបង្ហាញវប្បធម៌ច្រើន ក៏ដូចជាមានការៀបចំប្រណាំទូក។ ពិសេសម្ហូបអាហារនិងសេវាកម្មបដិសណ្ឋារកិច្ចសំបូរបែប ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកទោះបីបានធ្លាប់ទៅលេងញឹកញាប់ក៏ដោយ ពលរដ្ឋខ្មែរភាគច្រើននូវតែចង់ទៅលេងម្តងទៀត”។

ទន្ទឹមនិងការខេត្តសៀមរាបបានទាក់ទាញពលរដ្ឋទៅលើលេងកម្សាន្តច្រើន, ឧកញ៉ា ឆាយ ស៊ីវលីន ក៏បានចាត់ទុកខេត្តជាប់សមុទ្រ ក៏ដូចជាតំបន់កម្សាន្តមួយចំនួននៅជុំវិញបឹងទន្លេសាបក៏ទទួលបានភ្ញៀវទេសចរក្នុងស្រុកទៅដើរកម្សាន្តច្រើនផងដែរ បើទោះបីមិនច្រើនដូចខេត្តសៀមរាប ហើយការងាកគាំទ្រសេវាកម្មទេសចរណ៍ពីពលរដ្ឋក្នុងស្រុកនេះច្រើននៅពេលថ្មីៗ បានចូលរួមចំណែកផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុក។ ខុសប្លែកកាលពីពេលមុនៗចូលចិត្តធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស។

ទាក់ទងខេត្តសៀមរាបនេះដែរ, លោក ទួន រស្មី មគ្គទេសក៍ ទេសចរណ៍ប្រចាំខេត្តសៀមរាប បានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរមួយបានមកកម្សាន្តនៅខេត្តសៀមរាបតាំងពីថ្ងៃពុំទាន់ឈប់សម្រាប់នៃព្រះរាជពិធីបុណ្យអុំទូកម្លេះ ហើយចូលមកដល់ថ្ងៃបុណ្យអុំទូកទីមួយនេះ ឃើញថា ប្រជាពលរដ្ឋខ្មែរបានសម្រុកមកកម្សាន្តនៅខេត្តសៀមរាបច្រើនកុះករ។

លោកបន្តថា បរិមាណភ្ញៀវទេសចរក្នុងស្រុក ចូលមកទស្សនាក្នុងខេត្តសៀមរាបនេះ ពួកគាត់បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងលក់វត្ថុអនុស្សាវរីយ៍បានច្រើននៅក្នុងរយៈពេល៣ថ្ងៃនៃការឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ។

យោងតាមបណ្តាញទំនាក់ទំនិងសង្គមផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំនូវកម្មវិធីមួយចំនួនដូចជា៖ (១)-កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ (២)-កម្មវិធីប្រគុំតន្ត្រីស្គរដៃ (៣)-កម្មវិធីស្តង់ពិព័រណ៍ (៤)-កម្មវិធិប្រដាល់គុណខ្មែរ (៥)-ល្ខោនបាសាក់ (៦)-កម្មវិធីជិះទូកម្សាន្តតាមដងស្ទឹង និងកម្មវិធីផ្សេងៗទៀត ចាប់ពីថ្ងៃទី០៤-០៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយដងស្ទឹងសៀមរាប៕