អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានឆ្លើយតបទៅនឹងសំណួររបស់បរទេសម្នាក់ ដែលបានសួរថាហេតុអ្វីលោកមិនចាកចេញពីកម្ពុជា ទៅរស់នៅក្រៅប្រទេស ព្រោះលោកមានលុយអាចទៅរស់នៅក្រៅប្រទេសបាន។

កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានទទួលទានអាហារពេលល្ងាចនៅប្រទេសសិង្ហបុរី ជាមួយលោក Dr Luong Kah Heng, DVM l Vice President ក្រុមហ៊ុន Kemin ជាអ្នកផ្គត់ផ្គង់ផលិតផលមកព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាច្រើនទៀតនៅលើពិភពលោកដូចជា៖ ១.អាស៊ីតការពារទប់ស្កាត់ចំណី និងពោតមិនឱ្យមានជាតិផ្សិតកើតឡើង, ២.អង់ស៊ីម (សារធាតុជួយរំលាយអាហារ), ៣.អាស៊ីតសម្លាប់មេរោគ និងបាក់តេរីក្នុងចំណី, ៤.សារធាតុបង្កើនសំណើមលើចំណី និង ៥.សារធាតុសម្លាប់មេរោគ និងបាក់តេរីក្នុងទឹក ជាដើម។ ក្រុមហ៊ុន KEMIN បានផ្គត់ផ្គង់មុខទំនិញដូចខាងលើនេះ ឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ាអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាសមាជិកព្រឹទ្ធសភា បានឱ្យដឹងបន្ថែមថា សម្រាប់អាហារពេលល្ងាចនេះ លោកមានចំណាប់អារម្មណ៍នូវសំណួរដ៏ចំឡែកមួយរបស់លោក Lyong ថាតើហេតុអ្វីបានជាលោក (ម៉ុង ឫទ្ធី) មិនរត់ចោលស្រុកដូចមនុស្សមួយចំនួនដ៏ទៃទៀត ព្រោះអីលោកគឺជាអ្នកមានលុយកាក់អាចទៅរស់នៅឯបរទេសបាន?
“ខ្ញុំធ្លាប់បានជួបជាមួយភ្ញៀវរាប់រយពាន់នាក់ហើយមិនដែលសួខ្ញុំយ៉ាងដូច្នេះទេ ខ្ញុំឆ្លើយប្រាប់គាត់ពីអារម្មណ៍ពិតរបស់ខ្ញុំថា ខ្ញុំជាជនជាតិខ្មែរមានវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរ តាំងពីយូលង់ណាស់មកហើយ ខ្ញុំធ្លាប់រស់នៅឆ្លងកាត់សង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃជិត៣០ឆ្នាំ មិនដែលរត់ចោលស្រុកម្តងណាទេ។ សម្រាប់ពេលបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពពេញលើផ្ទៃប្រទេសហើយ ចុះតើមានមូលហេតុអ្វីទៀតបានជាខ្ញុំត្រូវរត់ចោលស្រុកទៅរស់នៅក្នុងប្រទេសមួយចំនួន ដែលមិនមានវប្បធម៌ ប្រពៃណី ដូចព្រះរាជាណាចក្រកម្ពុជារបស់ខ្ញុំផងនោះ។ ជាធម្មតាប្រទេសកើតសង្គ្រាម និងក្រោយសង្គ្រាមវាពិបាកអីចឹងហើយ ចុះបើម្នាក់ៗគិតតែមានបំណងរត់ចោលស្រុក និងត្រៀមរត់ចោលស្រុកបន្ថែមទៀត តើជោកវាសនាប្រទេសជាតិ និងប្រជាជនកម្ពុជាដ៏សែនកំសត់របស់ខ្ញុំទៅជាយ៉ាងណា”។ អ្នកឧកញ៉ា បានឆ្លើយតប។
លោក Lyong បាននិយាយបន្ថែមទៀតថាបើដូច្នេះ លោកពិតជាមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ១០០% មែនឬ? អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា បើលោកមិនមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ម្ល៉េះរូបលោកនិងក្រុមគ្រួសាររត់ចោលស្រុកបាត់យូណាស់មកហើយ៕



