ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា។ នេះបើតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ បានលើកឡើងបែបនេះថា៖ “អបអរសាទរ! ក្រុមហ៊ុនវិរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា”។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ ២០០០គ្រួសារនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវិរៈប៊ុនថាំ ក្រោមការសម្របសម្រួលនៃក្រសួងកសិកម្ម ជាមួយនឹងការតភ្ជាប់ទីផ្សារនិងការធានាតម្លៃសមរម្យទុកជាមុន។ កសិករជាសមាជិកទាំងអស់ក៏ទទួលបានការគាំទ្រខាងផ្នែកដើមទុន បច្ចេកទេស និងការកាត់បន្ថយចំណាយលើថ្លៃជីថ្នាំផងដែរ។
គួររំឭកថា កាលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេបំផុត ដែលហ៊ានទិញស្រូវពីកសិករ ក្នុងតម្លៃមួយគីឡូ ៩៥០រៀល ចំនួន ៣០,០០០តោន។ ការទិញក្នុងតម្លៃសមរម្យក្នុងចំនួនដ៏ច្រើននេះ អ្នកឧកញ៉ាបញ្ជាក់ថា គឺដើម្បីជួយដល់បងប្អូនកសិករខ្មែរ៕








