អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រកាសចូលរួមឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ដុល្លារ (២លានដុល្លារអាមេរិក) ដើម្បីគាំទ្រជួយដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងលោកជំទាវ គឺជាការចូលរួមចំណែកជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ។
សូមជម្រាបថា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានចូលជួបសម្តែងការគួរសម និងគោរពប្រគល់ជូនថវិកាមូលនិធិ ស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ចំនួនជាង ៥០ម៉ឺនដុល្លារអាមេរិក ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ ដើម្បីរួមចំណែកជួយដល់កងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យ បូរណភាព ទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕





