ឧកញ៉ាបណ្ឌិត គីម ហ៊ាង សំឡឹងឃើញមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើវិស័យទេសចរណ៍ និងវិស័យ២ផ្សេងទៀត

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង សំឡឹងឃើញថា ជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្នមានជាង១០ ប៉ុន្ដែមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជាមានតែបីប៉ុណ្ណោះគឺ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសំឡឹងឃើញបែបនេះ របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុមួយកាលពីពេលថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍នេះ ឧកញ៉ា បណ្ឌិត គីម ហ៊ាង បានលើកឡើងពីវិស័យចំនួន៣ ដែលជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជាដែលមានដូចជា វិស័យទេសចរណ៍។ លោកឧកញ៉ា ពន្យល់ថា វិស័យទេសចរណ៍នេះ គឺចង់សំដៅទៅលើទេសចរបរទេសដែលចូលមកលេង ឬចូលមកវិនិយោគនៅក្នុងស្រុកខ្មែរ។ វិស័យនេះ សំខាន់ខ្លាំងណាស់ ព្រោះថា នៅពេលបរទេសចូលមកស្រុកយើង ចង់មិនចង់គេនឹងចាយលុយក្នុងប្រទេសយើង ទិញផលិតផលរបស់ប្រទេសយើង។ បច្ចុប្បន្ននេះ តំបន់ទេសចរណ៍ក្នុងស្រុករបស់យើងមានច្រើនណាស់ មានធនធានល្អៗជាច្រើន ប៉ុន្ដែយើងផ្សព្វផ្សាយមិនទាន់គ្រប់គ្រាន់។ លោកឧកញ៉ា ពន្យល់បន្ថែមថា ទេសចរម្នាក់ចិញ្ចឹមប្រជាជនបានម្នាក់ មានន័យថា ប្រទេសយើងមានប្រជាជន១៧លាននាក់ ទំហំសេដ្ឋកិច្ចនៅក្នុងឆ្នាំកន្លងទៅ ៣៣ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំនេះប្រហែល៣៥ពាន់លានដុល្លារ ផលិតផលជាតិសរុប ចំណូលប្រជាជនរកបានប្រហែល២០០០ដុល្លារនៅក្នុងមួយឆ្នាំ។ អ៊ីចឹងប្រសិនបើយើងអាចនាំទេសចរចូលក្នុងស្រុក១៧លាននាក់ ហើយក្នុង១៧លាននាក់ នៅក្នុងម្នាក់ចាយ២០០០ដុល្លារ អ៊ីចឹងចិញ្ចឹមស្រុកខ្មែររស់ហើយ។

ទី២ គឺវិស័យកសិកម្ម លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ពន្យល់ថាប្រទេសកម្ពុជាមានផ្ទៃដី ៧៥%ដែលធ្វើកសិកម្មបាន ហើយដំណាំនៅក្នុងស្រុកល្អគ្រប់យ៉ាងដូចជាស្រូវ អង្ករ បន្លែ ត្រី សាច់ យើងនាំចេញទៅលក់នៅក្រៅបានថ្លៃណាស់។ នៅក្នុងវិស័យនេះ ឧកញ៉ាបណ្ឌិត ផ្ដោតសំខាន់ជាងគេគឺទឹក និងភ្លើង។ លោកឧកញ៉ាគូសបញ្ជាក់ថា នៅពេលដែលរាជរដ្ឋាភិបាលចាយលុយទៅលើប្រព័ន្ធធារាសាស្រ្ដកាន់តែច្រើន នោះប្រជាជនខ្មែរនឹងមានដោយសារវិស័យកសិកម្មនេះតែម្ដង ព្រោះសំបូរទឹកប្រើប្រាស់ក្នុងការដាំដុះ។

ទី៣ គឺវិស័យឧស្សាហកម្ម។ ប្រជាជនកម្ពុជា៦០ ទៅ៧៨% អាយុក្រោម៤៥ឆ្នាំ ដែលសុទ្ធសឹងតែជាប្រជាជនពេញកម្លាំង ទាំងអស់នេះក៏ជាជន្ទល់សេដ្ឋកិច្ចដែរ មិនមែនគិតតែលើវិស័យអចលនទ្រព្យតែមួយមុខនោះទេ។

ឧកញ៉ាបណ្ឌិត បញ្ជាក់ថា ទោះបីជាយើងរកស៊ីផ្នែកណាក៏ដោយ គឺត្រូវទាក់ទាញទេសចរណ៍បរទេសចូលមកលេងស្រុកខ្មែរឱ្យបានច្រើន ព្រោះវិស័យនេះជាជន្ទល់សេដ្ឋកិច្ចសំខាន់ណាស់ បើទោះបីជាទេសចរទាំងនោះចូលមករកស៊ីលើវិស័យអ្វីក៏ដោយ ឱ្យតែយកលុយចូលក្នុងប្រទេសយើង សេដ្ឋកិច្ចយើងដើរហើយ៕