លោកឧកញ៉ា យឹម តាស្រង់ អគ្គនាយកក្រុមហ៊ុនទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី និងលោកជំទាវ បានប្រកាសចូលរួមឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹកពីការឈ្លានពានរបស់ចោរសៀម។
តាមរយៈបណ្ដេញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកឧកញ៉ា យឹម តាស្រង់ បានលើកឡើងថា «ខ្ញុំបាទ និងភរិយាព្រមទាំងក្រុមគ្រួសារ សូមគោរពចូលរួមបរិច្ចាគថវិកា ៣ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនវីរៈកងទ័ពរបស់យើង និងបងប្អូនភៀសសឹកពីការឈ្លានពានរបស់ចោរសៀម។»

ទន្ទឹមនឹងនេះ លោកឧកញ៉ា បានបន្ដថា «ពួកខ្ញុំសូមគោរពដឹងគុណដល់សន្តិភាព និងដឹងគុណទៅដល់បងប្អូនខ្មែរដែលតែងតែគាំទ្រគ្រប់ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំដូចជា÷ ទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី ថ្នាំដុសធ្មេញ ម៉ាក់អ៊ីអ៊ី និងផលិតផលជាច្រើនទៀតរបស់យើង ទាំងនេះសុទ្ធតែមានចំណែករបស់បងប្អូនជាមួយពួកយើង។»
អគ្គនាយកក្រុមហ៊ុនទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី បានបន្ថែមថា «រយៈពេល ២ថ្ងៃមកនេះ ក្រុមការងារកំពុងរត់ស្វះស្វែងទិញរបស់ប្រើប្រាស់ប្រាស់សម្រាប់ស្ត្រី និងកុមារ អាហារក្រៀម នំ និងរបស់ជាច្រើនទៀត ព្រមទាំងប្ដូរប្រាក់រៀលសម្រាប់ចែកជូនបងប្អូន»។
លោកឧកញ៉ា យឹម តាស្រង់ ក៏បានជូនកុសលផលបុណ្យដែលលោកបានធ្វើខណៈនេះ សូមបានបុណ្យដល់បងប្អូនអ្នកគាំទ្រផលិតផលម៉ាក់អ៊ីអ៊ីទាំងអស់គ្នា៕

