អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ នៅខេត្ដកំពង់ឆ្នាំង។


នៅក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្ដកំពង់ឆ្នាំង ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវត្តចន្ទប្បជោត្ដរាម ហៅវត្ដតាសុត ភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀង ខេត្ដកំពង់ឆ្នាំង។
យោងតាមការអំពាវនាវរបស់កាកបាទក្រហមកម្ពុជា សាខាខេត្ដកំពង់ឆ្នាំងបានឱ្យដឹងថា «ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង តែងតែប្រារព្ធពិធី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា និង សម្ភារៈពីសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានស្ម័គ្រចិត្តបរិច្ចាកធនធាន ដើម្បីរួមចំណែកក្នុងការជួយដោះស្រាយសម្រាលទុក្ខលំបាកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលដ្ឋរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងខេត្តកំពង់ឆ្នាំង ។
ឆ្នាំ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីមិទ្ទិញដូចរៀងរាល់ឆ្នាំ និងបន្តផ្សព្វ ផ្សាយអំពីទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហមអន្តរជាតិ ៨ឧសភា ឆ្នាំ ២០២៥ ខួបលើកទី ១៦២ ក្រោមប្រធានបទ “ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ដើម្បីកៀរគរមូលិនិធិ និងអំពាវនាវការចូលរួមជាវិភាគទានពីសំណាក់ ព្រះសង្ឃ គ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា នាយករោងចក្រ សហគ្រាស លោក លោកស្រី នាងកញ្ញា សប្បុរសជន អាជីវករ សិប្បករ កងកម្លាំង និងមន្ត្រី រាជការ ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជានៅក្រៅខេត្ត សូមចូលរួមឧបត្ថម្ភនូវសម្ភារៈ ថវិកា វិភាគទានដោយស្ម័គ្រចិត្ត និង តាមសទ្ធាជ្រះថ្លា ដើម្បីបានជាកម្លាំងធនធានសម្រាប់ទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌ ជួយដល់អ្នកងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទក្នុងខេត្ត សម្រាប់ឆ្នាំ ២០២៥ អោយកាន់តែមានប្រសិទ្ធិភាពថែមទៀត៕





